កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៥៦ គឺជាកំពង់ផែទឹកជ្រៅ និងជាច្រកទ្វារពាណិជ្ជកម្មអន្តរជាតិដ៏ចម្បងរបស់ប្រទេសកម្ពុជា។ កំពង់ផែនេះលាតសន្ធឹងលើផ្ទៃដីសរុប 125 ហិកតា ជាមួយនឹងប្រវែងកំពង់ផែសរុប 1,860 ម៉ែត្រ និងមានសមត្ថភាពបម្រើឱ្យការដឹកជញ្ជូនកុងតឺន័រអន្តរជាតិ។
កំពង់ផែ ស្វយ័តនេះ មានចំណតផែចំនួន១២ បម្រើសេវាកម្មការលើកដាក់កុងតឺន័រ ទំនិញរាយ និងនាវាទេសចរណ៍។ ជាមួយគ្នានេះ ផ្លូវដែក និងស្ថានីយលើកដាក់ទំនិញត្រូវបានតភ្ជាប់នឹងបរិវេណនៃកំពង់ផែដើម្បីសម្រួលដល់ ការដឹកជញ្ជូនទំនិញ ជាពិសេសទំនិញធ្ងន់ៗ។ ក្នុងឆ្នាំ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុបាន ទទួល ទំនិញឆ្លងកាត់ប្រមាណ ៦,៥៥លានតោន ក្នុងនោះទំនិញកុងតឺន័រចំនួន ៦៣៩ ២១១TEUs និងអ្នកដំណើរ ចំនួន ៥១ ៤៧៩នាក់។
បច្ចុប្បន្ន កំពង់ផែស្វយ័តក្រុងព្រះសីហនុបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន នាវាដឹកជញ្ជូនកុងតឺន័រអន្តរជាតិចំនួន១៣ ដែលចូលចត និងផ្ទេរផ្ទុកទំនិញ ១៥ជើង/សប្តាហ៍។ តាមបណ្ដោយឆ្នេរមានចំណតផែប្រេងចំនួន៥ផ្សេងទៀត ដែលមានប្រវែងសរុបប្រហែល ៩៥០ម៉ែត្រ និង បរិមាណដឹកជញ្ជូនប្រចាំឆ្នាំប្រហែល ១,៥លានតោន និងចំណតផែរោងចក្រអគ្គិសនីចំនួន២ (ចំណតផែ ធ្យូងថ្មសម្រាប់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម) ដែលមានប្រវែងសរុបប្រហែល ៩៥០ម៉ែត្រ និងបរិមាណ ដឹកជញ្ជូនប្រចាំឆ្នាំប្រហែល ២លានតោន៕
ចុចត្រង់នេះ ដើម្បីទាញយកឯកសារទាំងស្រុង ៖ https://shorturl.at/qVpo2



